ដំណាំស្ពៃ របៀបដាំនិងការថែទាំ

១-​ការ​រៀបចំដី និងការដាំ

ចំពោះ​ដី​សំរាប់​ ដាំ​ស្ពៃ​ខៀវ គាត់បានធ្វើ​​ការ​ភ្ជួរ​រាស់​ឱ្យ​​រាប​ស្មើ និង​ម៉ដ្ឋ​ល្អ រើស​ស្មៅ​​ចេញ​ឱ្យ​អស់​ រួច​​ដាក់​​ជីទ្រាប់បាត ដូចជា ជីអាចម៍គោ ។ បន្ទាប់មក​ គាត់​លើ​ក​ជា​រង ដែល​​មានទទឹង​​ពី​១ ទៅ​១,២​ម៉ែត្រ កំពស់​​២ទឹក បណ្តោយ​ទៅ​តាម​ទំហំ​ដី និង​ចន្លោះ​ពីរង​មួយ ទៅ​មួយ​​០,៥ម៉ែត្រ ។

គាត់​ មិន​​បានធ្វើ​ការ​សាប​កូនទេ គឺ​គាត់​ព្រោះ​​គ្រាប់​យក​តែ​ម្តង​​ ដោយយក​គ្រាប់​​លាយ​ជា​មួយ​​ផេះ ដើម្បីសាប​ឱ្យ​​បានស្មើ​ល្អ ។ ក្រោយពី​​ព្រោះ​គ្រាប់​រួចហើយ គាត់បាន​យកចំបើង​គ្របពី​លើ ដើម្បីការពារ​សត្វ​ល្អិត​​ចង្រៃ និង​ជំងឺ​ផ្សេងៗ ។ រួច​ស្រោចទឹក​​មួយថ្ងៃ​​២ដង ព្រឹក​ម្តង និង​ល្ងាច​ម្តង។ ​ក្រោយពី​​ព្រោះគ្រាប់​បាន​១សប្តាហ៍ គាត់បាន​ដក​​ចំបើង​ចេញវិញ​ ហើយ​នៅពេល​ដែលស្ពៃដុះ​​បាន​​រយៈ​ពេល​​ពី​​១៥​ទៅ​២០​ថ្ងៃ គាត់​ចាប់ផ្តើម​​​ធ្វើ​ការ​​ដក​រំលោះ​​កូនស្ពៃ ដោយទុក​តែ​កូន​ស្ពៃ​ណា​​ដែល​​ថ្លោស​ល្អ​ និង​រក្សា​ចំងាយពី​ដើម​​មួយ ទៅ​​មួយប្រវែង​​​២​តឹក ។​

២-​ការថែទាំ

ចំពោះការថែទាំ គាត់នៅ​តែបន្ត​ការ​ស្រោច​​ទឹក​មួយថ្ងៃ​​២ដង​ដដែល​ ។ រហូត​ដល់​ស្ពៃ​ធំ គាត់​បន្ថយ​​ការ​ស្រោច​ទឹក​​នៅមួយ​ថ្ងៃ​​ម្តង​។ បន្ទាប់​ពីធ្វើ​ការ​​រំលោះ​កូនស្ពៃ​រួច​មក គាត់​ចាប់​ផ្តើម​​ធ្វើ​ការ​​ដក​ស្មៅ​ជ្រុំ​គល់ និង​ដាក់ជីបំប៉ន​​បន្ថែម​​លើ​ដំណាំ​ដោយ​ប្រើ​​ជីអ៊ុយរ៉េ១​ស្លាបព្រា​ លាយទឹក​​​១ប៉ោត  ស្រោច​បន្ថែម​​ជួយ​ដល់​ការ​លូតលាស់ ។ ចំពោះ​ជី​ធម្មជាតិ (លាម​ក​សត្វ​​គាត់ដាក់​ទ្រាប់បាត​​រង​តែ​ម្តង​ប៉ុណ្ណោះ) ។​

ចំពោះសត្វ ​ល្អិត​​ដែលបំផ្លាញ​​ដំណាំ​មាន​ដូច​​ជា សត្វ​ទៀកគូ ដង្កូវ​ស៊ីត្រួយ​ ដង្កូវ​ស៊ីស្លឹក ដង្កូវ​​យោ​ល​ទោង ។ រី​ឯជំងឺ​ដែលគាត់​​ធ្លាប់ជួប​ប្រទះ​​មាន​​ដូចជា ក្រា​ភ្លើង ក្រហមបណ្តូល ​និង​របួស​ត្រួយ។ ចំពោះ​វិធានការ​​កំចាត់​គឺ​គាត់​ឧស្សាហ៍​ចុះត្រួត​ពិនិត្យ​​ចាប់​ដង្កូវ និង​ដក​ដើមដែល​មាន​ជំងឺ​ចោល។