និយមន័យនៃការគោរពទង់ជាតិ

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ការគោរពទង់ជាតិ គឺមិនមែនជាការគោរព ផ្ទំាងកំណាត់សំពត់ត្រង់ៗនោះទេ តែជាការសម្ដែងនូវសេចក្ដីគោរពដឹងគុណ ដល់អ្នកតស៊ូប្ដូរជីវិតសម្រក់ដំណក់ឈាមដើម្បីការពារមាតុភូមិ ហើយនិងអ្នកដែលបាន កសាងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចំរើនថិតថេរចិរកាល ដូចយើងឃើញសព្វថ្ងៃ។

បានន័យថា ជាការសម្ដែងនូវកាយវាចានិងចិត្ដ គោរពចំពោះប្រទេស កងទ័ព ប្រជាជាតិ វិញ្ញាណក្ខន្ធ ដល់បុព្វការីជនអ្នកដែលបានពលីជីវិតនឹងអ្នករស់ដែលមាន ទង់ជាតិជានិមិត្ដរូប។ ហើយបើក្នុងកងទ័ពវិញ ទង់ជាតិគេទុកដូចជា គ្រឿងសក្ការបូជា និងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ប្រៀបដូចជា បូជនីយវត្ថុដ៏ស័ក្ដិសិទ្ធិមួយស្មើ និងជីវិតផងដែរ។ បើហេតុនេះយើងជាប្រជាជាតិខ្មែរត្រូវសំរួមកាយវាចា ចិត្ដស្មិងស្មាធិ ដោយធ្វើការគោរពឲ្យបានម៉ត់ចត់បំផុត។

ទន្ទឹមនិងនេះផងដែរ សព្វថ្ងៃនេះមានការលើកទ្បើងថា ហេតុអ្វីបានជាការគោរពទង់ជាតិនៅតាមសាលារៀនក្នុង១ថ្ងៃ មានការប្រារព្វ២លើក?

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា នេះប្រហែលជាការប្រតិបត្ដិតាមទំនៀមតៗមកពីសម័យសង្គមរាស្រ្ដនិយម មកនេះឯង ព្រោះស្ថិតក្រោម ព្រះរាជកិច្ចដឹកនំាដោយព្រះករុណាសម្ដេចឪ (ព្រះបរមរតនកោរដ្ឋ) នៃយើង ព្រះអង្គបានកំណត់ឲ្យមន្រ្ដីរដ្ឋាភិបាល និងសិស្សានុសិស្ស ត្រូវធ្វើគារវកិច្ចគោរពទង់ជាតិ ក្នុង១ថ្ងៃ២លើក គឺពេលព្រឹកម៉ោង៧ម្ដង និងម៉ោង៥,១៥ល្ងាចម្ដង។ ហើយក្នុងពេលគោរពម្ដងៗត្រូវច្រៀងបទនគររាជ១ចប់។

ជាសរុបលោក បានកត់សម្គាល់ផងដែរថា សព្វថ្ងៃនេះចំពោះស្ថាប័នជាតិដែលមានការគោរពទង់ជាតិ ជារៀងរាល់ថ្ងៃគឺទីស្ដីការគណៈរដ្ឋមន្រ្ដី ដោយទ្បែកចំពោះ សិស្សានុសិស្សវិញ ពេលព្រឹកហាក់មានការយកចិត្ដទុកដាក់ខ្លំាង តែចំពោះពេលល្ងាច ហាក់មានការខ្វះខាតច្រើនក្នុងការយកចិត្ដទុកដាក់គោរពទង់ជាតិ។

បើដូច្នេះ យើងទំាងអស់គ្នាជាប្រជាជាតិខ្មែរ ត្រូវយកចិត្ដទុកដាក់ក្នុងការគោរពទង់ជាតិឲ្យបានម៉ត់ចត់បំផុត ដើម្បីបង្ហាញពីការគោរពដឹងគុណដល់បុព្វការីជនរបស់ខ្លួន ហើយជាពិសេសផងដែរនោះ គឺស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដោយមុននិងបើកសម័យប្រជុំនីមួយៗ គួរគោរពទង់ជាតិផងដែរ ទើបជាការប្រពៃ ព្រោះដើម្បីឲ្យចងចំាថា «មនុស្សយើងម្នាក់ៗបើផុតពីយើង គឺជាតិ៕

************************************

ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ CHII WITT